មណ្ឌល បុរីទារក និង កុមារជាតិ ក្នុងតំបន់បិទខ្ទប់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ទទួល អំណោយបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញះ នារសៀលថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនបុរីទារក និង កុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកប្រធាន អនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកប្រធាន អនុសាខា បានសំដែងនូវក្តីអាណិតអាសូរ ដល់ទារក និងកុមារ ចំនួន ១៦០ នាក់ ដែលកំពង់ខ្វះស្បៀងអាហារ ប្រចាំថ្ងៃ ហើយទីតាំង បុរីទារក និងកុមារជាតិ នេះដែរ ក៍ស្ថិតនៅក្នុងតបន់ក្រហម ដែលមានហានិភ័យខ្ពស់ ។
យ៉ាងណាមិញ លោកប្រធាន អនុសាខា សូមអោយអ្នកមើលថែទារក និងកុមារ នៅបុរីទារក និងកុមារជាតិ នេះ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាព ថែរក្សាអនាម័យ ជាពិសេសត្រូវ លាងសំអាតដៃ និងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ ជាប្រចាំ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ មកទារក និងកុមារ ដែលកំពង់រស់នៅបុរីទារក និងកុមារជាតិ នេះ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖
– អង្ករ ២០បាវ = ៥០០គីឡូ , ទឹកសុទ្ធ ២០កេស , ទឹកដោះគោ ១កេស, ចាហួយ ហ្វាហ្វា ១កេស, ត្រីខ ១០យួរ , មី ១២កេស , ទឹកត្រី ៣០ដប, ម៉ាស់ ២០ប្រអប់ ផងដែរ

អត្ថបទដែលជាប់ទាក់ទង