បន្ទាយមានជ័យះ មេខ្យល់ចំនួន០២នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចាប់ឃាត់ខ្លួនបានហើយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករខ្មែរ០៨នាក់ឆ្លងដែនទៅប្រទេសថៃ ក្នុងនោះស្រី ចំនួន ០១នាក់ ត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ណារិទ្ធ ខេត្តបន្ទាយមានជ័យ ។ ដោយមានការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ និងសហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
ជាក់ស្តែង ថៃ្ងទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបជនសង្ស័យចំនួន០២នាក់(មេខ្យល់) បម្រុងនាំពលករខ្មែរឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។
សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួន មាន÷ ទី១ ឈ្មោះ លឹម ហួត ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
២ ឈ្មោះ ជូត សុខជ័យ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបច្ចុប្បន្នមេខ្យល់នាំមនុស្សឆ្លងដែនទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅប៉ុស្តិ៍ រដ្ឋបាល។ ចំណែកឯពលករទាំង ០៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ខេត្តបន្ទាយមានជ័យ ៕