រដ្ឋបាលខណ្ឌជាប់ទន្លេចុះផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឲ្យរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី សំណង់មិនរៀបរយចេញពីលើផ្ទៃទឹក
ភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ចបណ្តារដ្ឋបាលខណ្ឌដែលជាប់នឹងផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានចុះផ្សព្វផ្សាយអប់រំចំពោះអ្នករស់នៅនិងប្រកបប្ររបរនៅលើផ្ទៃទឹកទន្លេ ឱ្យពួកគាត់ប្រញ៉ាប់រុះរើទីឋានស្នាក់នៅ ដូចជាផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ ជាដើម ដោយតម្រូវឱ្យពួកគាត់ត្រូវរុះរើស្ម័គ្រចិត្ត មុនថ្ងៃកំណត់នៃឱសានវាទដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះអនុវត្តប្រើប្រាស់កម្លាំងសមត្ថកិច្ចមករុះរើ និងបានព្រមានអនុវត្តវិធានការផ្លូវច្បាប់ ក្នុងករណីអ្នករស់នៅលើផ្ទៃទឹកទន្លេទាំងនោះមិនគោរពអនុវត្តវិធានការនេះ ។
ការចុះផ្សព្វផ្សាយអប់រំចំពោះអ្នករស់នៅ និងប្រកបរបរលើផ្ទៃទឹកទន្លេ ដែលគេចាត់ទុកថា ការរស់នៅរបស់ពួកគាត់គឺរស់នៅបែបអនាធិបតេយ្យ និងធ្វើឲ្យប៉ះពាល់បរិស្ថាន សណ្តាប់ធ្នាប់លើផ្ទៃទឹក និងសោភ័ណភាពរាជធានីភ្នំពេញផងដែ នៅគ្រាដែលអាជ្ញាធរសមត្ថកិច្ចរាយការណ៍ឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងនោះហើយ។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញឱ្យដឹងថា ខណ្ឌចំនួន០៧ ក្នុងរាជធានីភ្នំពេញមានភូមិសាស្ត្រជាប់ទន្លេរួមមាន ៖ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌចំការមន ,ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ។ ប៉ុន្តែខណ្ឌដែលមានសំណង់មិនរៀបរយ និងការប្រកបមុខរបរ រស់នៅលើផ្ទៃទឹក មានភាពស្មុគស្មាញខ្លាំងគឺខណ្ឌចំនួន០៤រួមមាន ៖ ខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ។
សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងអំឡុងពេលអាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខណ្ឌជាប់ទន្លេ ចុះផ្សព្វផ្សាយអប់រំឱ្យរុះរើដោយស្ម័គ្រចិត្ត គឺរហូតដល់ពេលនេះ មានអ្នកភ្ញាក់រលឹកមួយចំនួនតូចប៉ុណ្ណោះបានរុះរើ និងចល័តទៅតំបន់ផ្សេង ។ ទន្ទឹមនោះក៏មានការតវ៉ា និងសំណូមពរឲ្យមានការពន្យារពេលការរុះរើ ដោយលើកឡើងពីហេតុផលផ្សេងៗដែលជាភាពលំបាក និងបញ្ហាប្រឈមការខាតបង់ប៉ះពាល់ជីវភាពនៅពេលដែលការអនុវត្តតម្រូវឱ្យរុះរើរយៈពេល០៧ថ្ងៃ មានភាពបន្ទាន់ពេក ។
ទោះបីយ៉ាងណាការដាក់ចេញវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនោះក៏មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋភាគច្រើនផងដែរ ពីព្រោះបើការបណ្តែតបណ្តោយឱ្យមានការរស់នៅ ប្រកបមុខរបរលើផ្ទៃទឹកទន្លេ និងបានបង្កប៉ះពាល់កត្តាជាច្រើន។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអាណាធិបតេយ្យនេះបានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះ គឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕