គណៈកម្មាធិការចម្រុះបន្តចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណជីកដល់ក្បាលប្រេត
កណ្ដា ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការចម្រុះ ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ថ្ម គ្រួស បានដឹកនាំកម្លាំងចម្រុះ មន្ទីរពាក់ព័ន្ធ រួមទាំងអជ្ញាធរស្រុក ចុះពិនិត្យមើលទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ និងតម្រូវអោយស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីររណ្ដៅដីមួយនេះ។
ក្នុងឱកាសចុះពិនិត្យមើលទីតាំងរណ្ដៅដីក្នុងភូមិសាស្រ្ត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវកម្មថា ពាក់ព័ន្ធនឹងហេដ្ឋា រចនាសម្ព័ន្ធដែលមានផ្លូវ និងប្រឡាយទឹកដែលរងការប៉ះពាល់ពីរណ្ដៅមួយនេះតម្រូវអោយម្ចាស់អាជីវកម្មត្រូវបង្ខិតព្រំដីមកវិញនិងចាក់ដីធ្វើជើងទេដើម្បីពង្រីកផ្លូវប្រឡាយមកឲ្យបាន ១០ម៉ែត្រ ព្រោះនេះជាសុវត្ថិភាពប្រជាពលរដ្ឋធ្វើដំណើរទៅមកជាពិសេសពេលយប់ព្រលប់។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការធ្វើការស្តារប្រឡាយទំនប់នេះឡើងវិញ ដើម្បីអោយមានផ្លូវទឹកចរាចរណ៍ ជាពិសេសមិនត្រូវបូមទឹករ៉ែទាំងនេះបង្ហូរចូលក្នុងស្រែរបស់ប្រជាពលរដ្ឋ ព្រោះទឹករ៉ែទាំងនេះមិនដឹងថាមានសារជាតិអ្វីខ្លះនោះទេដែលធ្វើអោយប៉ះពាល់ស្រែរបស់ពួកគាត់ ត្រូវគោរពទៅតាមអាជ្ញាប័ណ្ណដែលមន្ទីរក៏ដូចជាខេត្តបានផ្ដល់ជូន ម្ចាស់អាជីវកម្មត្រូវធ្វើអាជីវកម្មអោយត្រូវ និងទីតាំងដែលខ្លួនបានស្នើសុំ រណ្ដៅត្រូវមានជើងទេអោយបានត្រឹមត្រូវ មុនធ្វើការដឹកចេញត្រូវពិនិត្យប្រព័ន្ធការគ្រប់គ្រង (ជញ្ជីង) វិក័យប័ត្រត្រូវមាន ការបោះត្រាអោយបានត្រឹមត្រូវពីមន្ទីររាល់ការដឹក ជញ្ជូនខ្សាច់ អាចន៍ដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានអោយបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របអោយបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់អោយបានស្អាត ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើអោយផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវអោយបានស្អាតឡើងវិញ រងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។
ឯកឧត្តមក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការអោយបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម អោយអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំអោយហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មណ្ដៅដី ដើម្បីដឹងថាតើ ម្ចាស់អាជីវកម្មទាំងនោះ មានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវហើយឬនៅ បើម្ចាស់អាជីវកម្មណាមួយមិនសហការ គ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាព ត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ៕