លោកជំទាវ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបោះជំរំយុវជនថា្នក់ខេត្តឆ្នាំ២០២១ 

កណ្ដាល៖ យុវជនត្រូវចូលរួមជាមួយ រាជរដ្ឋភិបាល ក្នុងទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនយើងធ្វើគំរូល្អទាំងលើការសិក្សា ទាំងការរស់នៅ ដោយប្រកាន់ខ្ជាប់ និងចងចាំថា “យុវជន” ត្រូវធ្វើជីវិតក្នុងការសិក្សា និងយកវិជ្ជាមកបម្រើក្នុងមាគ៌ា អភិវឌ្ឍន៍។

នេះជាការលើកឡើងរបស់ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបោះជំរំយុវជនថា្នក់ខេត្តឆ្នាំ២០២១ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណសាលគរុកោសល្យភូមិភាគខេត្តកណ្តាល។

លោកជំទាវអភិបាលរងខេត្ត បន្តថា យុវជនគឺជាតម្រូវការចាំបាច់របស់ប្រទេសជាតិ បើយុវជនមានសមត្ថភាពគ្រប់គ្រាន់ យុវជនគឺជាកម្លាំង និងការការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តនិរន្តភាពនៃបុព្វហេតុជាតិជារៀងរហូត។

លោកជំទាវអភិបាលរងខេត្ត បន្ថែមថា កម្មវិធីបោះជំរំយុវជនថ្នាក់ខេត្ត ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “យុវជន និងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្កើននៅភាពស៊ាំសហគមន៍ នៅទូទាំងខេត្ត កណ្ដាល គួបផ្សំជាមួយវិធានការ និងយុទ្ធសាស្ត្រសំខាន់ផ្សេងទៀត ក្នុងគោលបំណងការពារអាយុជីវិតប្រជាជន កាត់បន្ថយការឆ្លងរាលដាល និងផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច ព្រមទាំងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបជាមួយជំងឺកវីដ-១៩ ឬការឆ្លងជំងឺកូដ-១៩ ដ៏សាហាវស្រដៀងគ្នាផ្សេងទៀត ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគតដែលយើងមិនអាចមើលឃើញបាន។

បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា កម្មវិធីបោះជំរំយុវជនថ្នាក់ខេត្ត ឆ្នាំ២០២១នេះប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលមានប្រតិភូយុវជនមកពី១១ ក្រុង-ស្រុក បែងចែកជា ៦សាខាជំរំ សរុបចំនួន ១០២នាក់ សាខាជំរំនីមួយៗ មានសមាសភាពចំរុះក្រុង-ស្រុក ដែលពួកគេត្រូវតម្លើងតង់រស់នៅ និងត្រូវស្នាក់នៅក្នុងតង់ជាមួយគ្នា ចូលរួមចម្អិនអាហារខ្លួនឯង ធ្វើសកម្មភាពរួមគ្នា និង រស់នៅជីវភាពក្រុម៕

អត្ថបទដែលជាប់ទាក់ទង