ក្រុមហ៊ុនភីអិនធី របស់ឈ្មួញ ឡេង ប្ញទ្ធី កាប់ឈើក្នុងតំបន់ព្រៃឡង់ពេញទំហឹងលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ សម្ងំស្ងៀមស្ងាត់
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។
ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានសម្ងំរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមហ៊ុនភីអិនធី នេះបំពានកាប់ឈើនៅក្នុងតំបន់ស្នួល នៃព្រៃឡង់យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់នូវសកម្មភាពរបស់ក្រុមហ៊ុនភីអិនធី កុំឲ្យបំផ្លាញព្រៃយ៉ាងមហន្តរាយតទៅទៀត។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ រហូតមកក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។
ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន៕