លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាំយកកុំព្យូទ័រមួយឈុតជាអំណោយរបស់ឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាលខេត្តកណ្តាលប្រគល់ជូនលោកនាយកសាលាបឋម ហ៊ុន សែន ដើមអង្កោល
កណ្តាល៖ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ បាននាំយកអំណោយជាកុំព្យូទ័រលើតុមួយឈុត ម៉ាក Dell ដែលមានតម្លៃសរុប ៦៧៤ដុល្លារ មកប្រគល់ជូនលោក ជុំ បូរ៉ាឌីន នាយកសាលាបឋម ហ៊ុន សែន ដើមអង្កោល ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧត្ដមសេនីយ៍ទោស្នងការដ្ឋាននគបាលខេត្តកណ្ដាល បន្តរួមគ្នាថែរក្សាសុខភាពឲ្យបានល្អ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «៣កុំ ៣ការពារ»និងបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះ លោក ជុំ បូរ៉ាឌីន នាយកសាលាបឋម ហ៊ុន សែន ដើមអង្កោលឲ្យដឹងថា លោកសប្បាយចិត្តណាស់ដែលឯកឧត្តមឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានផ្ដល់អំណោយជាកុំព្យូទ័រមួយឈុតនេះ សម្រាប់ប្រើប្រាស់កិច្ចការងាររដ្ឋបាលទូទៅក្នុងសាលា ហើយចំពេលដែលកំព្យូទ័រមុនត្រូវបានខូចប្រើលែងកើតទៀតផង។
លោកនាយកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្ដមសេនីយ៍ទោស្នងការខេត្តនិងក្រុមការងារ និងសូមជូនពរលោកស្នងការនិងក្រុមការងារទាំងអស់ឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕