ខេត្តកំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកដំណើរការបានយ៉ាងសកម្ម ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានកំពុងតែបន្តភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ដែលស្ថិតនៅភូមិឃុំខាងលើនេះ ជារបស់ឈ្មោះ វ៉ាន់ ជាមេក្លោងក្នុងការប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យមកលេងល្បែងនៅកន្លែងខ្លួន ដោយក្នុងមួយគូរៗ ចាប់ពី១០០០ដូល្លារ រហូតដល់៥០០០ដូល្លារ! ហើយក៏មានអ្នកឈ្នះចាញ់មិនតិចគ្នាដែរ។
ប្រភពព័ត៌មានបានបន្ថែម និងរិះគន់ថា៖ លោក ឯម វឌ្ឍនា ជាអធិការស្រុក ស្ទឹងត្រង់ ហាក់ដូចជាស្ងៀមស្ងាត់ ខណៈមានទីតាំងជល់មាន់ និងអាប៉ោង នៅក្បែអធិការស្រុក និងកំពុងដំណើរការបើកលេងជារៀងរាល់ថ្ងៃយ៉ាងរលូន ដែលជាលក្ខណៈទ្រង់ទ្រាយធំៗយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែបែរជាពុំឃើញមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចទៅវិញ។
ប្រភពព័ត៌មានបន្តទៀតថា៖ នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២នេះ មានការប្រជល់មាន់ខ្នាតធំ មិនតិចជាង ១៥គូរឡើយ និងមានការភ្នាល់ដាក់លុយចាប់ពីរាប់ពាន់ដុល្លារក្នុងមួយគូរៗ និងមានឈ្មោះ «ណាក់» ហៅ «អាស្រមោច» ធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតនេះ។
ពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យមានភាពអសន្តិសុខកើតឡើងដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺផ្ដើមចេញពីល្បែងស៊ីសងនេះឯង។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន។
ពលរដ្ឋស្នើដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាជួយចេញបទបញ្ជាដល់លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕