មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ គ្មានសមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង
ព្រះវិហារ សេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ62 ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ចែស្រី និងប្ដីនៅតែដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ62 ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ព្រោះគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាប៉ះពាល់នោះទេ។ លោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង កំពុងរងការរិះគន់ថាសម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ចែស្រី និងប្ដី ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ជាបង្អែករបស់ឈ្មួញឈ្មោះ ចែស្រី អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែស្រី និងប្ដីដែលល្បីល្បាញខ្លាំងខាងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ចាប់តាំងពីឆ្នាំ2018រហូតមកនោះ បច្ចុប្បន្ននៅតែអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដដែល។ ប្រភពបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ចែស្រី និងប្ដីមិនអាចដឹកជញ្ជូនឈើខុសច្បាប់យ៉ាងរលូនបានទេ។ សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែស្រី និងប្ដីដែរ។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី បានបង្ហើបឲ្យដឹងថាឈ្មួញរូបនេះមានបង្អែកក្រាស់ ហើយជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយមិនប្រឈមនឹងការបង្ក្រាប។ ជាក់ស្ដែងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ ចែស្រី និងប្ដីដឹកជញ្ជូនឈើយ៉ាងគឃ្លើន។ ទន្ទឹមនឹងនេះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ក៏មិនចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឈ្មួញឈ្មោះ ចែស្រី និងប្ដីនោះដែរ ៕