បែកធ្លាយវង់ល្បែងជាច្រើនកន្លែងនៅក្នុងស្រុកបាទី លោក ឃុត ឡូ អធិការរងជាអ្នកកាង ស្តេចក្រាញ់ និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ
ខេត្តតាកែវ ៖ ប្រភពបែកធ្លាយបានអោយដឹងថាវង់ល្បែងជាច្រើនកន្លែងនៅក្នុងស្រុកបាទីខេត្តតាកែវ មានដូចជាសង្វៀនជល់មាន់ វង់អាប៉ោង និងជល់មាន់តាមទូរទស្សន៍ ដោយណាត់ភ្នាល់ស៊ីសងលុយរាប់លាន កំពុងពេញនិយមហើយពួកគេបើកបានយ៉ាងរលូន គឺប្រើឈ្មោះមេ ឡូ ។
ប្រភពបានបន្តអោយដឹងទៀតថា ឈ្មោះពៅ បានបើកសង្វៀនជល់មាន់១កន្លែង តាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី លេងភ្នាល់រាល់ថ្ងៃ តែនៅពេលអ្នកកាសែតទៅដល់ពួកគេប្រាប់អ្នកកាសែតថា ទីតាំងនេះជារបស់លោកឃុត ឡូ អធិការរងស្រុកបាទី ចង់ថតអីថតទៅផ្សាយអីផ្សាយទៅ មានការអីលោកឃុត ឡូ ជាអ្នកដោះស្រាយ ។
ប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថា ទីតាំងជល់មាន់អនឡាញដ៏ធំមួយទៀតជារបស់ឈ្មោះ
ម៉ុក ជាមន្ត្រីប៉េអឹមចូលនិវត្តន៍ នៅកណ្ដាលវាលស្រែនៃឃុំកណ្ដឹងក៏យកឈ្មោះលោក ឃុត ឡូ នេះទៅកាងអោយដែរ។ និយាយពីវង់អាប៉ោងរបស់ឈ្មោះជង នៅក្នុងទឹកដីឃុំពត់សរ ស្រុកបាទី ក៏បែកធ្លាយថា លោកឃុត ឡូ ជាអ្នកកាងអោយដែរ និយាយអោយចំសេដ្ឋកិច្ចវង់ល្បែង១ស្រុកបាទីគឺជារបស់លោកឃុត ឡូ ទាំងអស់ ។
ប្រភពបានបន្តទៀតថា ហេតុផលអ្វីបានជាលោកឃុត ឡូ អធិការរងស្រុកបាទី ក្ដោបសេដ្ឋកិច្ចវង់ល្បែងបាន ១-លោកឃុត ឡូ ជាអ្នកញៀនល្បែងគ្រប់ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង ជាអ្នកណាត់ក្រុមអ្នកញៀនល្បែងអោយមកលេងតាមគោលនៃទីតាំងដែលបានបង្កើតរួចហើយ បើលោកឃុត ឡូ ណាត់និងបើកអោយលេង គឺក្រុមអ្នកលេងមានភាពកក់ក្ដៅធានាថា មានសុវត្តិភាពព្រោះអ្នកដែលបង្ក្រាបល្បែងស៊ីសងឈ្មោះឃុត ចិត្ត្រា អធិការរងព្រហ្មទណ្ឌ័ស្រុកបាទី ជាកូនប្រុសបង្កើតរបស់លោកឃុត ឡូដូច្នេះ នេះជាសេនារិយោល្បែងក្នុងស្រុកបាទីទាំងមូល ។
ពាក់ពន្ធ័ករណីខាងលើ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឆាយ កែវមន្នី អធិការស្រុកបាទីបានទេ ព្រោះលោកមានទម្លាប់មួយមិនទទួលលេខទូរសព្ទ័អ្នកកាសែតទេ តែកន្លងមកលោកធ្លាប់អោយដឹងថា លោកមិនប៉ះពាល់លុយល្បែងទេដឹងថា មានលេងកន្លែងណាលោកដាក់កំលាំងចុះទៅភ្លាម ។
ជុំវិញបញ្ហាខាងលើនេះសង្ឃឹមលើលោកឧត្តមសេនីយ៌ត្រី ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងត្រួតពិនិត្យ បង្ក្រាប ករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ។
បើមិនបង្ក្រាបទេ ពលរដ្ឋនិងអស់ជំនឿលើសមត្ថកិច្វនគរបាល ដែលជាមន្ត្រីអនុវត្តច្បាប់ បែរជាយកតួនាទី ទៅបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ ៕