ទូកដចម្លង១គ្រឿង ដឹកមនុស្ស និងម៉ូតូ លើសទម្ងន់បានលិចនៅកណ្តាលទន្លេ បាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូ៤គ្រឿង ចំណែកមនុស្ស១១នាក់ទៀតត្រូវបានសមត្ថកិច្ចជួយទាន់ នៅរតនគិរី
រតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ករណីលិចទូកដ បណ្តាលមកពីទូកផ្ទុកមនុស្សលើសទម្ងន់ ទៅដល់១២នាក់ ក្នុងនោះស្រី ៦នាក់ និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំងផង ធ្វើឲ្យទូកលិចតែម្តង។ ហេតុការណ៍នេះបណ្តាលឲ្យបាត់ខ្លួនមនុស្សម្នាក់ ចំណែកមនុស្ស១១នាក់ទៀតត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា។
ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។
កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ៕