ភ្លៀងធ្លាក់ជាប់គ្នា ជារៀងរាល់ថ្ងៃ បណ្ដាលឱ្យតំបន់មួយចំនួន ទទួលត្រូវរងជំនន់ទឹកភ្លៀងលិច លំនៅឋានប្រជាពលរដ្ឋ នៅព្រះសីហនុ
ព្រះសីហនុ ៖ នៅថ្ងៃទី១១ សីហា ឆ្នំា២០២២ នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃ បណ្ដាលឱ្យតំបន់មួយចំនួនទទួលត្រូវរងជំនន់ទឹកភ្លៀងលិចលំនៅឋានប្រជាពលរដ្ឋ ជាពិសេស នៅក្នុងក្រុងនៃខេត្តព្រះសីហនុតែម្តង ។
រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីទទួលសេចក្តីជូនដំណឹងពីអាកាសធាតុរបស់ក្រសួងធនធានទឹក ដែលតំបន់មាត់សមុទ្រទទួលរងភ្លៀងខ្យល់ព្យុះពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ សីហា នេះ។ ទោះបីអាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារអូរប្រឡាយបានធំទូលាយយ៉ាងណាក៏ដោយ ក៏ស្ថានការណ៍នៃការជន់លិចនៅតែបន្ត។ ទោះជាយ៉ាងណា ការជន់លិចគឺក្នុងរយៈពេលខ្លីនៅពេលភ្លៀងរាំងទឹកស្រកទៅវិញបានលឿន ។
សូមរំលឹកទៀតថា ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ចន្លោះពីថ្ងៃទី១០ ដល់១៣ ខែសីហានេះ កម្ពុជាបានរងឥទ្ធិពលសម្ពាធទាបធ្វើឲ្យមានភ្លៀងពីតិចទៅបង្គួរលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះមូឡេន ( MULAN ) ដែរមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ៕