ប្រជាកសិករខ្មែរកំពុងតែសម្រុកដឹកស្រូវទៅលក់នៅកំពង់ដរទូកប្រឡាយទាហាន ស្លាបច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ខណៈឈ្មួញវៀតណាម នាំគ្នាយកទូកកាណូតប៉ុកចៃធំៗ ឆ្លងដែនចូលមកចាំទិញស្រូវ ខណៈអាជីវករវៀតណាមខ្វះអង្ករនាំចេញទៅលក់នៅប្រទេសទី៣
(ស្វាយរៀង)៖ បើតាមសមត្ថកិច្ចដែលឈជើងនៅកំពង់កាណូតប្រឡាយទាហាន បានឲ្យដឹងថា រយៈពេលជិត២ខែមកនេះ ចាប់ពីអំឡុងខែកក្កដា ដល់ថ្ងៃទី២០ សីហា ២០២២នេះ ក្រុមឈ្មួញវៀតណាម ខ្វះស្រូវផលិតអង្ករនាំចេញទៅក្រៅប្រទេស បានយកទូកកាណូតប៉ុកចៃធំៗ ឆ្លងដែនចូលមកកម្ពុជា តាមច្រកផ្លូវទឹក ប្រឡាយទាហាន ស្ថិតនៅចំណុចភូមិព្រៃវល្ល័ ឃុំថ្មីស្រុកកំពង់រោទ៌ ដើម្បីមកចាំទិញស្រូវ ពីក្រុមអាជីវករ និងប្រជាកសិករខ្មែរយើង។
សមត្ថកិច្ចបន្តថា ស្រូវមានតិចតួច ដោយស្រូវវស្សា មិនទាន់មានទុំច្រើន ចំណែកស្រូវរដូវប្រាំងផុតនៅដើមខែកក្កដា ហើយភាគីឈ្មួញវៀតណាមមានតម្រូវការស្រូវខ្ពស់ ដើម្បីផលិតអង្ករនាំចេញទៅប្រទេសទី៣ ទើបឈ្មួញវៀតណាម យកទូកកាណូតឆ្លងដែនចូលមកចតចាំទិញស្រូវខ្មែរយើង។
ប្រភពដដែលបានបន្តថា រយៈពេលកន្លងទៅនេះ អាជីវករ និងប្រជាកសិករខ្មែរយើង នាំគ្នាដឹកស្រូវមកលក់នៅកំពង់កាណូតប្រឡាយទាហាន តាមគោយន្តកាឡេថង តាមរថយន្តមកចាំ ឈ្មួញវៀតណាមយកទូកចូលមកទិញស្រូវ និងដឹកស្រូវ ចេញទៅប្រទេសវៀតណាម។
ឈ្មួញវៀតណាមខ្វះស្រូវនាំចេញ នៅជាង១ខែចុងក្រោយនេះ ស្រូវមានទីផ្សារតម្លៃខ្ពស់ ស្រូវស្ងួត ស្រូវអ៊ីអ៊ែ ក្នុង១គីឡូក្រាមតម្លៃ ៥,០០០ដុងស្មើ៩០០រៀល បើប្រៀបធៀប ស្រូវរដូវវស្សា កន្លងទៅ មានតម្លៃទាប ក្នុង១គីឡូក្រាមតម្លៃ៣៥០០ដុង ទៅ៤៥០០ដុង បើគិតជាប្រាក់រៀលត្រឹម៧០០រៀល ទៅ៧៥០រៀលប៉ុណ្ណោះទៅតាមហាងឆេងប្ដូរប្រាក់។
ប្រជាពលរដ្ឋបានលើកឡើងថា នៅពេលស្រូវវស្សា បានផលចាប់ពីខែតុលា ដល់ខែវិច្ឆិកា ចាប់ផ្តើមច្រូតកាត់ គឺឈ្មួញវៀតណាម ចូលមកប្រមូលទិញ គឺវៀតណាមចាប់ផ្តើម ទម្លាក់តម្លៃស្រូវខ្មែរ មូលហេតុ ដោយទីផ្សារខ្មែរយើងពឹងផ្អែកលើគេ (វៀតណាម) ទាំងស្រុង។
ពលរដ្ឋរស់នៅតាមព្រំដែន លើកឡើងថា ប្រសិនបើឈ្មួញវៀតណាមមិនចូលមកទិញស្រូវទៀត គឺមានការប្រឈមកាន់តែខ្លាំង ដូច្នេះដើម្បីរក្សារទីផ្សារស្រូវឲ្យមានតម្លៃ ទីផ្សារនៅលើសហគមន៍កសិករខ្មែរ ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យមន្ទីរកសិម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អាជ្ញាធរពាក់ព័ន្ធ បង្កើនការប្រមូលទិញស្រូវពីប្រជាកសិករ និងបង្កើនការផលិតអង្ករនាំចេញឲ្យបានច្រើន ដើម្បីធានាទីផ្សារស្រូវអង្ករជូនប្រជាពលរដ្ឋដែលជាអ្នកផលិត ទទួលបាននូវជីវភាពល្អប្រសើរ៕