ក្រុមជនសង្ស័យឆក់ទូរស័ព្ទ២នាក់ ត្រូវបាននារីរងគ្រោះជាម្ចាស់ទូរស័ព្ទ ជិះម៉ូតូប្រដេញបំបុកបណ្ដាលឲ្យដួល រួចស្រែកផ្អើលឆោឡោ ដល់ពលរដ្ឋនាំគ្នាដេញចាប់ នៅខេត្តកណ្តាល

កណ្តាល ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នូ សុម៉ារតី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ ចំណែកជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ផុន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ នួន សុខា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

នៅពេលវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅរកទិញអីហូបនៅម្តុំសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អនុវត្តន៍ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាក iPHONE XS MEX ប្តូរសំបក១៣ BRO MEX ពណ៌ខៀវ នៅក្នុងហោប៉ៅខោខាងមុខរួចមកដល់របងសាលាអនុវត្តន៍ផ្លូវបែកជាបួន ជនរងគ្រោះបង្អង់ម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាក HONDA C125 ឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1JQ-2072 មកដល់ ម្នាក់ជិះម៉ូតូនៅខាងក្រោយបានចុះពីលើម៉ូតូដើរមកដល់លូកយកទូរស័ព្ទនៅក្នុងហោប៉ៅខោជនរងគ្រោះរួចឡើងជិះម៉ូតូគេចខ្លួនតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយបុកដួលទាំងអស់គ្នា បន្ទាប់មកជនសង្ស័យទាំងពីរនាក់បាននាំគ្នារត់តែត្រូវបានជនរងគ្រោះស្រែកថាចោរៗ បានប្រជាជនដេញចាប់បានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់រងគ្រោះខាងលើប្រាកដមែន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង