អាជ្ញាធរ​អាជ្ញាធរខេត្តកណ្តាល សហការជាមួយអង្គការ​សំអាតទន្លេ​សមុទ្រ​ចុះប្រមូលសំរាម​តាមដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រ​ក្រុងតាខ្មៅ

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល ​សហការជាមួយ​អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup)នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២នេះ បានចុះបើកយុទ្ធនាការ​ចុះប្រមូលសំរាម ​សំអាតច្រាំងដងស្ទឹងព្រែកត្នោតនៅក្នុងភូមិសាស្ត្រ​ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាន មានប្រសាសន៍ថា៖ការចុះបើកយុទ្ធនាការសម្អាតសំរាម​នៅតំបន់មាត់ស្ទឹងព្រែកត្នោតនារសៀលនេះគឺផ្តោតសំខាន់ទៅលើការបញ្ចប់បញ្ហាសំរាម ដើម្បីជួយលើក​កម្ពស់ធនធាន​ធម្មជាតិ​ជីវជម្រុះ​នៅក្នុងទន្លេ ព្រមទាំងរួមចំណែកជួយបង្កើន ការយល់ដឹង​ដល់ប្រជា​ពលរដ្ឋដែលរស់នៅតាមដងទន្លេ ពិសេសផ្តោតលើការទុកដាក់វេចខ្ចប់សំរាមនៅតាមផ្ទះ​ឲ្យបានត្រូវ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ ចំពោះយុទ្ធនាការនេះ ធ្វើឡើងដើម្បីជួយជំរុញ និង​បំផុសឲ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធ ក្នុងគោលដៅធ្វើឲ្យទន្លេស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា។

ឯកឧត្តមបានបន្ថែមទៀតថា៖ការសម្អាតសំរាមក្នុងទឹកតាមដងស្ទឹងព្តរែកត្នោតនាពេលនេះមិនត្រឹមតែជាការសម្រេចបានក្តីសុបិន្តមួយ ក្នុងការការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាម ទាំងលើគោក និងផ្ទៃទឹកផងដែរ។

ឯកឧត្តមក៏បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាលុបបំបាត់សំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក “កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ។យើងទាំងអស់គ្នា ត្រូវចូលរួមដាំ ដើមឈើ ដាំដើមផ្កានៅមុខ ទីធ្លាផ្ទះ ដើម្បី “សហគមន៍ស្អាត និងបៃតង” សំរាមជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង