ផ្ទះប្រជាពលរដ្ឋមានអាយុកាលជិត ១០០ ឆ្នាំជាច្រើនខ្នងនៅភូមិទី៤ ឃុំ-ស្រុកកោះសូទិន បានប្រឈមនឹងការរុះរើដោយសារ ការបាក់ច្រាំងរបស់ដៃទន្លេមេគង្គ
កំពង់ចាមះ អ្នកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនបានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នំា២០២២នេះថា ការបាក់ច្រាំងរបស់ដៃទន្លេមេគង្គស្ថិតក្នុងភូមិទី៤ ឃុំកោះសូទិនចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់បច្ចុប្បន្នអស់ប្រវែងជិត ១០០ ម៉ែត្រជម្រៅចាប់ពី ១៥ ទៅ ២០ ម៉ែត្រប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ប្រាំបួន ខ្នង។ ផ្ទះដែលនឹងត្រូវរុះរើមុនគេនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ ឡូត វណ្ណា ជាផ្ទះទី២ រាប់ពីខាងច្រាំងបាក់។
ផ្ទះប្រជាពលរដ្ឋមានអាយុកាលជិត ១០០ ឆ្នាំជាច្រើនខ្នងនៅភូមិទី៤ ឃុំ-ស្រុកកោះសូទិន បានប្រឈមនឹងការរុះរើដោយសារ ការបាក់ច្រាំងរបស់ដៃទន្លេមេគង្គ នារដូវទឹកទន្លេនេះជន់ឡើង ដោយសារចរន្តទឹកហូរបុក។ ដូច្នេះប្រជាពលរដ្ឋរងផលប៉ះពាល់ជាង ៥០គ្រួសារ បានស្នើដល់អាជ្ញាធរ ពិសេសសមត្ថកិច្ចជំនាញសិក្សា រកមធ្យោបាយបញ្ជៀសចរន្តទឹកនេះ ដើម្បីសង្គ្រោះលំនៅដ្ឋានបុរាណ ផ្លូវបេតុង និងដីកេរដ៏មានជីវជាតិ នៅតំបន់កំពុងប្រឈមបាក់ចូលទន្លេ។
អ្នកស្រីមេឃុំកោះសូទិនបានឱ្យដឹងទៀតថា ក្នុងនោះផ្ទះចំនួនបួន ខ្នងមានដីសម្រាប់សាងសង់ផ្ទះឡើងវិញ ,ចំនួន ប្រាំ ខ្នងអត់មានដីសាងសង់ ហើយក្នុងប្រាំខ្នងមានចំនួន ពីរ គ្រួសារអត់ដីសង់ផ្ទះឡើងវិញ និងចំនួន បី គ្រួសារទៀតមានដីតូចសង់ផ្ទះឡើងវិញមិនកើត។
លោក ងួន ជិនស្រ៊ាន វ័យ ៦០ ឆ្នាំជាអនុប្រធានភូមិទី៤ បានឱ្យដឹងថា ពួកគាត់ប្រមាណ ៥០ ខ្នងផ្ទះ ភាគច្រើនជាផ្ទះសង់មានអាយុជិត ១០០ ឆ្នាំ កំពុងរស់តំបន់ប្រឈម សូមស្នើដល់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ជួយរកវិធីសិក្សាទប់ស្កាត់ ឬបញ្ជៀសចរន្តទឹកហូរឱ្យហូររត់ត្រង់ចំកណ្តាលទន្លេវិញ កុំឱ្យបុកចំច្រាំងខាងភូមិទី៤ ដូចសព្វថ្ងៃនេះបន្តទៀត ៕