(ខេត្តកំពង់ឆ្នាំង) នៅលើផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកំពង់លែង និងស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង ពោរពេញទៅដោយបទល្មើសនេសាទត្រីខុសច្បាប់ជាច្រើន ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធបន្តិចសោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យបង្ក្រាបឲ្យអស់រាល់បទល្មើសនេសាទខុសច្បាប់ ដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន តែផ្ទុយទៅវិញមន្ត្រីជំនាញពាក់ព័ន្ធនិងមានតួនាទីទាំងនោះសម្ងំស្ងៀមដោយមិនមានវិធានការបង្ក្រាបនោះទេ
ករណីបទល្មើសនេសាទខុសច្បាប់កំពុងរីករាលដាលនិងគ្មានការបង្ក្រាបទប់ស្កាត់ខាងលើនេះ ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបករណីនេសាទខុសច្បាប់ខាងលើនេះផង។
ពលរដ្ឋក៏បានស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា ជួយពិនិត្យមើលការងាររបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ដែលដឹងថាមានបទល្មើសហើយតែមិនព្រមបង្ក្រាបផងទាន៕ ការិយាល័យផ្សព្វផ្សាយ ០១២៩២៦០១៤