គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ទទួលអំណោយមនុស្សធម៌

(ភ្នំពេញ) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ។ លោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ២១ គ្រួសារ នៅភូមិភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះផងដែរលោកហែម ដារិទ្ធក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះ អគ្គីភ័យនេះដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយលោកបានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ។

សម្ភារដែលចែកជូនគ្រួសាររងគ្រោះ មាន ៖ អង្ករ ២៥គីឡូ.សម្ភារៈប្រើប្រាស់មួយចំនួននិងថវិកាចំនួន១២មុឺនរៀល ៕

 

 

អត្ថបទដែលជាប់ទាក់ទង