ចាប់ខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ នៃក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ករណីឆបោកប្រាក់វិនិយោគទិញដីឡូតិ៍ជិត៤០លានដុល្លារ ពីប្រជាពលរដ្ឋ២,៤៦១គ្រួសារ
កំពត៖ ផេកស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញរូបវាស់កម្ពស់ ឧកញ៉ា ជា សារ៉ន និងបក្ខពួក បន្ទាប់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិតីបើកវេទិការសាធារណៈដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ២,៤៦១គ្រួសារ និងក្រុមហ៊ុន ជា សារ៉ន កាលពីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅវត្តអង្គឈូក ស្ថិតនៅ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដែលទទួលបានដំណោះស្រាយ៖
១. ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។
២. អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។
៣. អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។
៤. ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។
៥. ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ៕
សូមបញ្ជាក់ថា ករណីវិវាទនេះគឺកើតឡើងដោយប្រជាពលរដ្ឋបានកម្ចីលុយពីធនាគារឯកជន និង មីក្រូហិរញ្ញវត្ថុនិងមានប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តូច ដើម្បីមកទិញដីឡូត៍និងវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី។
-ទិញដីឡូតិ៍បានប្រាក់ចំនេញ ១ឡូតិ៍៥មx២០ម ប្រើដើមទិញនិងអភិវឌ្ឍន៍មិនអស់៤,០០០ដុល្លារផងលក់ឱ្យពលរដ្ឋ១២,០០០ដុល្លារ រួចសន្យាជួយបង់ធនាគារឱ្យអ្នកទិញ និងផ្តល់ផលលាភ៧០%ទៅ១០០%
-ណែនាំអ្នកទិញដីឡូតិ៍ឱ្យដាក់ទុនវិនិយោគ ដើម្បីដោះបំណុលផ្តាច់ការទទួលខុសត្រូវ ដែលបានសន្យាក្នុងជំហ៊ានទី១ ព្រោះបើតាមច្បាប់វិនិយោគ បើរកស៊ីខាតៗទាំងអស់គ្នា ចំនេញៗទាំងអស់គ្នា អុីចឹងក្រុមហ៊ុនដួលរំលំ អ្នកទិញដីបង់ធនាគារខ្លួនឯង ប្រាក់វិនិយោគក៏អស់
-ក្រុមមហ៊ុនបង្កើតឱ្យមានការរអាក់រអួលយឺតយាវក្នុងបង់ប្រាក់ធនាគារតាមកិច្ចសន្យា រួចហើយបង្ខំឱ្យអ្នកទិញដីឡូតិ៍ និងអ្នកទុនវិនិយោគកាត់កងដីឡូតិ៍ ដើម្បីបញ្ចប់បំណុលក្រុមហ៊ុន ព្រោះមិនហត់ដើរលក់ថែមទាំងទទួលបានចំនេញច្រើនរួចហើយ
-ផ្តាច់ទឹកចុងក្រោយគឺ ក្រុមហ៊ុនប្រកាសក្ស័យធន់ ដើម្បីបញ្ចប់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រោះអ្នកទិញដីឡូតិ៍ និងអ្នកវិនិយោគដែលចូលរួមក៏ត្រូវក្ស័យធនដូចក្រុមហ៊ុនដែរ គ្មានសិទ្ធិទទួលបានអត្ថប្រយោជន៍ ថែមទាំងខាតដើមទៀតផង អុីចឹងគ្មានជម្រើសអ្វីក្រៅពីបង់ធនាគារខ្លួនឯង និងទទួលយកដីទៅតាមទំហ៊ំប្រាក់វិនិយោគរៀងៗខ្លួន
«ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ បងប្អូនប្រជាពលរដ្ឋចំនួន ២,៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូតិ៍របស់លោកឧកញ៉ា ជា សារ៉ន»៕