ទិញគ្រឿងញៀនពីស្រុកសំរោងទងទុកលក់បន្ត ត្រូវបានកម្លាំងជំនាញស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍សំរោងលើឃាត់ខ្លួន
(កណ្តាល)៖ ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើឃាត់ខ្លួនជាបន្តបន្ទាប់ ហរតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១១និង១០នាទី ចំណុចវាលស្រែ ភូមិតាប៉ាង ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(មានសារធាតុញៀនក្នុងទឹកនោម(+)។
១-ឈ្មោះ សុរិទ្ធ ចាន់រ៉ា ហៅបូរ៉ា ហៅង៉ិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅកំណេីតនិងបច្ចុប្បន្ននៅភូមិមង្គលបូរី ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លេីក រយៈពេល៦ខែ ពីបទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
២-ឈ្មោះ ហៀង ណាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិល្វី ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល ។
៣-ឈ្មោះ បុល សាវេន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិអង្គឃ្វាន ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន ០៩កញ្ចប់ (មធ្យម០៦ និងតូច០៣) ទម្ងន់៨,០៣ក្រាម។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង។
-ទូរសព្ទដៃ០២គ្រឿង (ម៉ាកអូប៉ូ ០១គ្រឿង ម៉ាកឡឺណូវូ ០១គ្រឿង)។
-ម៉ូតូ០២គ្រឿង ម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ (ចាស់) មានផ្លាកលេខភ្នំពេញ1AJ .8565 និងគ្មានផ្លាកលេខ០១គ្រឿង។
-ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលេី ចេញល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ មកដល់ចំណុចកេីតហេតុ បានប្រទះឃើញមុខសញ្ញា០២នាក់ (ហៀង ណាន និងបុល សាវេន) កំពុងនៅវាលស្រែកន្លែងស្ងាត់។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានសួរនាំសុំធ្វើការឆែកឆេររកឃើញមានថ្នាំញៀនចំនួន ០៦កញ្ចប់ (មធ្យម៣ តូច៣) នៅឈ្មោះ ហៀង ណាន ៤កញ្ចប់ នៅឈ្មោះ បុល សាវេន ២កញ្ចប់ ពេលនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនដេីម្បីបន្តនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ ហៀង ណាន និង បុល សាវេន បានឆ្លេីយថាថ្នាំញៀននេះ ពិតជារបស់ខ្លួន ទិញមកពីឈ្មោះ សុរិទ្ធ ចាន់រ៉ា ក្នុងតម្លៃ១៧០០០០៛ ដេីម្បីយកទៅចែកចាយបន្តបានចំណេញខ្លះ។ ក្រោយពីទទួលបានចម្លេីយសារភាពហេីយ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុរិទ្ធ ចាន់រ៉ា នៅចំណុចផ្ទះជនសង្ស័យនៅភូមិមង្គលបូរី ឃុំសំរោងលេី។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍ កម្លាំងផ្នែកជំនាញ ម្តាយជនសង្ស័យ និងនៅចំពោះមុខជនសង្ស័យ បានធ្វេីការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ សុរិទ្ធ ចាន់រ៉ា រកឃេីញថ្នាំញៀនចំនួន០៣កញ្ចប់មធ្យម ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង និងសម្ភារប្រេីប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ ជនសង្ស័យឈ្មោះ សុរិទ្ធ ចាន់រ៉ា បានសារភាពថា ថ្នាំញៀនខាងលេីជារបស់ខ្លួន ទិញមកពីជនមិនស្គាល់ឈ្មោះនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ៦០០០០០៛ យកមកលក់បន្ត និងឱ្យឈ្មោះ ហៀង ណាន និងបុល សាវេន ជួយកាន់លក់ឱ្យដែរ។
ចំពោះជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕