ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យអ្នកលេងបណ្ដាញសង្គម Facebook លោក ម៉ៃ សុគន្ធ សុំទោសទៅកាន់ លោក Keisuke Honda ជាសាធារណៈ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យអ្នកលេងបណ្ដាញសង្គម Facebook លោក ម៉ៃ សុគន្ធ សុំទោសទៅកាន់ លោក Keisuke Honda ជាសាធារណៈ ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាអំឡុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយនោះ លោក ម៉ៃ សុគន្ធ បានចេញវីដេអូសូមទោសលោក ហុងដា ហើយ ។

តាមរយៈវីដេអូ អ្នកលេងបណ្តាញសង្គមរូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាទ ម៉ៃ សុគន្ធ ដែលជាសិល្បៈករ សូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពុក សម្តេចម៉ែ កូនសុំចេញវីដេអូសុំទោសជាសាធារណៈ ទៅកាន់លោកគ្រូហុងដាសូមលោកគ្រូ មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ ម៉ៃ សុគន្ធ ផង នូវកំហុសឆ្គាំឆ្គងរួមទាំងសាធារណជនទាំងអស់ មេត្តាអធ្យាស្រ័យ និងអភ័យទោសដល់ខ្ញុំបាទផង ជាពិសេសផងនោះដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពុកកូនសូមសន្យា នឹងធ្វើជាកូនល្អ។
សូមរំលឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំឱ្យលោក ម៉ៃ សុគន្ធ ដែលជាអតីតតារាចម្រៀង និងប្រើប្រាស់បណ្ដេញសង្គម សុំទោសទៅកាន់ លោក Keisuke Honda ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាអំឡុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី២៩ មេសា ។
សម្ដេចតេជោ បានបញ្ជាក់ថា កូនគួរតែចេញសារសុំទោសមួយ ទៅកាន់ហុងដា ។ កូនធ្វើបែបនេះ ដូចជាទះកំផ្លៀងកីឡាករបាល់ទាត់ ព្រោះរិះគន់គ្រូបង្វឹក ៕

អត្ថបទដែលជាប់ទាក់ទង