កណ្តាល៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងសង្កាត់បឹងទំពន់ទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរ ជនជាតិប៊ុលហ្គារី ចូលលួចគាស់ទូATM ចំនួនពីរលើក តែមិនបានសម្រេច។
ហេតុការណ៌នេះបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២និង៥០នាទី ចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរបុគ្គលិកធនាគារ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ០៣នាក់ ទី១ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស ឆ្នាំកំណើត07.11.1981 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388641350 ចុះថ្ងៃទី04-08-2022 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ទី២ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស ឆ្នាំកំណើត27.06.1991 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 387637795 ចុះថ្ងៃទី01-07-2021 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ទី៣ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស ឆ្នាំកំណើត17.04.1997 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388075343 ចុះថ្ងៃទី17-04-2022 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជនសង្ស័យទាំងបីនាក់ខាងលើស្នាក់នៅបន្ទប់លេខ២០២ ជាន់ទី២ ។
លោកស្នងការរងបានអោយដឹងទៀតថា ហេតុការណ៍លើកទី១ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរស័ព្ទដៃពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេសុីលីដា សាខាឃុំបែកចានថា មានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់ ។ ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ឈ្មោះ ជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើលឃេីញថាកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបាញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូATMផ្នែកខាងក្រោយ(មិនបានសម្រេច) បន្ទាប់មកក៏ចាប់ផ្តើមឆែកវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាព។
យោងតាមការឆែកវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាព ឃេីញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៥០នាទី ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន០២នាក់ប្រុស បានដើរចូលទៅក្នុងកន្លែងទូATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ ។
ក្រោយពីឆែលកាមេរ៉ារួច ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពើក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ។
លុះដល់វេលាម៉ោង២២ និង២០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង០៣នាក់ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនសង្ស័យជាជនបរទេស០២នាក់ បានចុះដើរសំដៅទៅកន្លែងទូATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព គឺជាជនសង្ស័យដែលបានធ្វេីសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូATM ។
តាមចម្លើយសារភាពជនសង្ស័យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានសារភាពថានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយ បក្ខពួកជាមួយឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV ។ ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាព និងគាស់ទូATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។ បញ្ជាក់៖ ចំពោះទូATM នោះមានទីតាំងនៅកន្លែងដែលសមត្ថកិច្ចឃាត់ខ្លួនពួកខ្លួននោះ។
រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០៥ នាទីបានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ Labela Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖ទូរសព្ទម៉ាក អាយហ្វូន 7plus ពណ៌ផ្កាឈូក ចំនួន០១គ្រឿង ស្រាGin កន្លះដប ខ្សែសាក ឡេបថប់ចំនួន០១ខ្សែ អត្តសញ្ញាណប័ណ្ណចំនួន០១ សន្លឹក ស្រោមដៃផ្លាស់ស្ទិច ចំនួន០១ថង់
សំលៀកបំពាក់០១វ៉ាលី និងកាបូបស្ពាយខាងក្រោយចំនួន០១ ។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក កំពុងកសាងសំណុំរឿងបន្តនីតិវិធី៕