ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចេញសារតាមផ្លូវការរបស់ខ្លួន អបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ។ នៅក្នុងសាររបស់ឯកឧត្តម ស សុខា បានលើកឡើងអំពីប្រវត្តិនៃការបង្កើតនគរបាលជាតិ យ៉ាងដូច្នេះថា ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់ ក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហើយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣)។