ពិធីបំពាក់គ្រឿងឥស្សរិយសជូនអតីតយុទ្ធជនកម្ពុជា មកពីក្រុង-ស្រុក ចំនួន៤ ក្នុងខេត្តកណ្តាល

(កណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធ​ជនដែលបានអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្នុងខេត្តកណ្តាល រួមមាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានមាន​ប្រសាសន៍ថា ការ​ជួបជុំ​គ្នា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បង្ក​ឱកាស​ស្វែង​យល់ ​អំពី​បញ្ហា​ប្រឈម និង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​មួយ​កម្រិត​ថែម​ទៀត​រវាង​ក្រុមការងារ​រាជរដ្ឋាភិបាល ​ជាមួយនឹង​បងប្អូន​អតីត​យុទ្ធ​ជន ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ការ​ដឹងគុណ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​អតីត​យុទ្ធ​ជន ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​កងទ័ព ជា​យុទ្ធ​ជន ស្គាល់​ច្បាស់​ពី​ការ​លំបាក និង​បាន​ឆ្លងកាត់​គ្រប់​ឧបសគ្គ​នៅ​ក្នុង​សមរភូមិ តស៊ូ​ប្តូរជីវិត ដើម្បី​រំដោះប្រជាជន និង​ប្រទេស​ជាតិ រហូត​ដល់​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ បាន​បន្ត​ថា នៅ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពេញលេញ ដែល​ជា​ផ្លែផ្កា​នៃ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រែក្លាយ​ពី​ស្ថានភាព​ នៃ​ការ​បំផ្លិចបំផ្លាញ ​ដោយសារ​វិនាសកម្ម​សង្គ្រាម មក​ជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​លំដាប់​លើ​គ្រប់​វិស័យ ហើយ​ក៏​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ឆ្ពោះទៅ​រក​វឌ្ឍនភាព​រុងរឿង​បន្ថែម​ទៀត ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ចំពោះការបំពាក់ជូននូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាក្នុងឱកាសនេះគឺដើម្បីសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានបន្តថា៖ដោយបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានជួយការគាំពារ ជម្រុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កៀរគរ និងលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជន ដូចជាការផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែ (ប.ស.ស) ជូននិវន្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ មួយវិញទៀត រាជដ្ឋាភិបាលបាន ផ្តល់សម្បទានដីសង្គមកិច្ច និងការកសាងផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនផងដែរ។

សូមបញ្ជាក់ថា៖អតីតយុទ្ធជនដែលត្រូវបំពាក់គ្រឿងឥស្សរិយយសមកពីក្រុង-ស្រុកចំនួន៤ រួមមាន៖ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ស្មើនិង១,៣០៣នាក់៕

អត្ថបទដែលជាប់ទាក់ទង