សង្វៀនមាន់មួយដ៏ធំស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម/ម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ម្ចាស់ឈ្មោះ នឿ បើកលេងដោយសេរីជារៀងរាស់ថ្ងៃនៅចំណុចភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់

លេងយ៉ាងរលូន សង្វៀនជល់មាន់ និងអាប៉ោង បើកលេងជារៀងរាស់ថ្ងៃចំណុចភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

សង្វៀនជល់មាន់និងអាប៉ោងមួយកន្លែង ទីតាំងល្បែងស៊ីសងនោះស្ថិតនៅក្នុងចម្ការឈ្មោះ គា ដែលគេអាចធ្វើដំណើរចូលតាមស្ថានីយប្រេងចំណុចភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទីតាំងល្បែងស៊ីសងនេះហាក់ដូចជាមានសុវត្ថិភាពយ៉ាងខ្លាំងសម្រាប់អ្នកចូលទៅលេងពីព្រោះមិនមានសមត្ថកិច្ចណាហ៊ានឡើយ។ បើទោះជាត្រូវការសេវាពីម្ចាស់វង់ល្បែង ក៏សមត្ថកិច្ចបានត្រឹមតែទូរសព្ទទាក់ទងសួរនាំប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅភូមិឃុំខាងលើ បានលើកឡើងថា ពួក គាត់ឃើញក្រុមអ្នកញៀនល្បែងជិះម៉ូតូរថយន្តស៊េរីទំនើបចូលលេងល្បែងស៊ីសងជល់មាន់មួយកន្លែងនេះយ៉ាងច្រើនកុះករ ហ៊ោរកញ្ជ្រៀវត្រហឹងអ៊ឹងកងពេញព្រៃចំការដំណាំរបស់លោក គា។ នៅទីនោះអ្នកលេងល្បែងស៊ីសងហាក់ដូចជា ត្រូវបានផ្ដល់ទំនុកចិត្ត ជាមួយនឹងការធានាថា មិនមានសមត្ថកិច្ចណាចុះទៅហាមឃាត់ឬចាប់ខ្លួននោះឡើយ។ ដោយសារតែមានភាពជឿជាក់ និងទំនុកចិត្តនេះហើយ ទើបមានអតិថិជនជាច្រើនទាំងអ្នកតូចអ្នកធំ អ្នកមានអ្នកក្រស្ពាយមាន់ និងចានអាប៉ោងចូលទៅសម្ងំលេងយ៉ាងត្រជាក់ចិត្ត។ គេនិយាយថា ទីកន្លែងដែលផ្ដល់សុវត្ថិភាពបែបនេះ គឺពិតជាអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងបានច្រើនមែន។
ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសងនេះ អាចធ្វើឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាចតែម្តង។ ប្រជាពលរដ្ឋរស់នៅឃុំអារក្សត្នោតឆ្ងល់ថា ចុះឯណាទៅគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ? ពលរដ្ឋសង្ឃឹម និងជឿជាក់ថា អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ពន្ធ័នៅស្រុកស្ទឹងត្រង់ នឹងចុះស្រាវជ្រាវ និងបង្ក្រាប ទីតាំងល្បែងសុីសងទាំងនោះដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង