ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ របស់ (លោកវែង) កំពុងពង្រីកខ្លួនក្នុងទឹកដីខណ្ឌច្បារអំពៅ សង្ស័យជាឆ្នាំងបាយរបស់មន្ត្រីពុករលួយមួយចំនួន ដឹងហើយមិនរាយការណ៍ជូនមេបង្ក្រាបឱ្យទាន់ពេលវេលា!!!

ខណ្ឌច្បារអំពៅ ៖ យោងតាមសេចក្តីរាយការណ៍ និងបានចុះទៅដល់ទីតាំងផ្ទាល់សង្កេតឃើញថា ក្នុងទឹកដីនៃខណ្ឌច្បារអំពៅ ជាទឹកដីគោលដៅមួយដែលពួកក្រុមមេខ្លោងបង្កើតទីតាំងបទល្មើស កំពុងសប្បាយដៃក្នុងការពង្រីកទីតាំងល្បែងស៊ីសងខុសច្បាប់

របស់ខ្លួនដោយខុសច្បាប់ មិនខ្លាចញញឺតនឹងច្បាប់បន្តិចទាល់តែសោះ ក្នុងនោះដែរ ប្រជាពលរដ្ឋបានលួចបង្ហើបថា ទីតាំងមួយចំនួនគឺជារបស់បុគ្គលឈ្មោះ “វែង” ប៉ុន្តែមិនដឹងថាគាត់មានឋានៈឬតួនាទីអ្វីទេ ដែលមិនខ្លាចនឹងច្បាប់ សូម្បីតែមេប៉ុស្តិ៍ និងលោកអធិការក៏មិនញញឺតដែរ ប្រហែលជាលោកនេះមានតួនាទីបុណ្យស័ក្តិធំ ទើបអាចបើកដំណើរការបានយ៉ាងរលូន ហើយអាជ្ញាធរមូលដ្ឋានសង្កាត់ និងខណ្ឌច្បារអំពៅ ប្រហែលជាមិនហ៊ានបង្ក្រាន មានតែបណ្តែតបណ្តោយឱ្យបើកដំណើរការយ៉ាងរលូនដូច្នេះ។

ជាក់ស្តែងទីតាំងល្បែងស៊ីសងរបស់បុគ្គលឈ្មោះ “វែង” ដែលប្រជាពលរដ្ឋរាយការណ៍ជូនមានដូចជា៖

  • ទីតាំងទី១ ចំណុចភូមិសាស្ដ្រភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
  • ទីតាំងទី២ ចំណុចភូមិច្រាំងបាក់ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ប្រជាពលរដ្ឋសម្តែងការខកចិត្តចំពោះអាជ្ញាធរមួយចំនួនដែលបើកប្រាក់ខែដែលបានមកពីការប្រមូលពន្ធពីប្រជាពលរដ្ឋ តែមិនបម្រើប្រជាពលរដ្ឋ ទៅជាបម្រើផលប្រយោជន៍ឱ្យជនខិលខូចល្មើសច្បាប់ទៅវិញ ដែលពួកគាត់លើកឡើងថា បើគ្មានការបើកដៃពីសំណាក់អាជ្ញាធរមូលដ្ឋានមួយចំនួននោះទេ ពួកម្ចាស់ល្បែងស៊ីសងខុសច្បាប់ក៏មិនហ៊ានបើកលេងដែរ ករណីនេះគួរតែថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ គួរតែចាត់វិធានការពិនិត្យ ចំពោះភាពអសកម្មមួយចំនួនរបស់មន្ត្រីមូលដ្ឋាន ដែលមន្ត្រីមូលដ្ឋាន គឺជាមន្ត្រីដែលនៅកៀកជាមួយប្រជាពលរដ្ឋ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបម្រើជូនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា លោកនាយប៉ុស្តិ៍ និងលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ជាពិសេសលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការទៅមន្ត្រីក្រោមឱវាទ បង្ក្រាបឱ្យបានទាន់ពេលវេលា ល្បែងស៊ីសងអនឡាញខុសច្បាប់ដូចសេចក្តីជម្រាបខាងនេះ ដើម្បីរក្សានូវលក្ខណៈទី២ គោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។  ទំនាក់ទំនងព័ត៌មាន012926014/ 0889846555

 

អត្ថបទដែលជាប់ទាក់ទង