ពីខាងក្រៅវាជាស្លាកយីហោហាងខារ៉ាអូខេ ប៉ុន្តែនៅពេលចូលដល់ខាងក្នុងវាជាកន្លែងលេងល្បែងស៊ីសងដ៏ទំនើប នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។
ប្រភពពីពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត បាននិយាយថា អាជ្ញាធរមាន សមត្ថកិច្ចមិនអាចបង្ក្រាបទីតាំងហាងខារ៉ាអូខេទាំងនោះបានទេ ពីព្រោះវាត្រូវគេប្រាប់ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែតនោះតែម្ដង។ គេខ្សឹបថាអធិការរងក្រុងប៉ោយប៉ែតមួយរូបមានពាក់ព័ន្ធនិងហាងល្បែងស៊ីសងអនឡាញនេះដែរ។
ប្រជាពលរដ្ឋដែលធ្លាប់បានចូលហាងខារ៉ាអូខេទាំងនោះបានខ្សឹបថា នៅស្ទើរគ្រប់ទីកន្លែងនៃហាងខារ៉ាអូខេ នៅ ក្នុងក្រុងប៉ោយប៉ែតគឺបសុទ្ធតែមានបន្ទប់សម្រាប់លេង ល្បែងស៊ីសង ជាពិសេសហ្គេមច្រើនប្រភេទ។ អ្នកដែលចូលច្រៀងខារ៉ាអូខេក៏ច្រៀងទៅ,អ្នកចូលលេងល្បែង ក៏ចូលលេងទៅ។
ពីព្រោះរូបភាពខាងក្រៅ គេចូលទៅច្រៀងខារ៉ាអូខេទេ ប៉ុន្តែនៅខាងក្នុងវាបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ។ ថៅកែហាងទាំងនោះ ត្រូវរ៉ូវជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតផង និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យផង ទើបអាចដំណើរការទៅបានដោយសុខស្រួលរហូតដល់សព្វថ្ងៃនេះ។
ម្ចាស់ហាងខារ៉ាអូខេដែលបង្កប់ដោយល្បែងស៊ីសងមួយកន្លែងអះអាងប្រាប់អ្នកកាសែតថា បើមិនដាក់ល្បែងហ្គេមនៅក្នុងនោះទេ គឺមិនអាចទាក់ទាញអតិថិជន ឲ្យចូលកំសាន្តបានឡើយ។ គេថា ការដាក់ត្រឹមខារ៉ាអូខេមិនអាចទាក់ទាញភ្ញៀវឲ្យចូលកម្សាន្តបានច្រើន ដូចមុនឡើយ។បញ្ហាខារ៉ាអូខេ លែងជាចំណូលចិត្តរបស់ពលរដ្ឋហើយផ្ទុយទៅវិញបើមានល្បែងហ្គេមនៅក្នុងនោះ គឺមានអ្នកចូលទៅលេងច្រើន ហើយម្ចាស់ហាងអាចរកចំណូលសម្រាប់ទប់ទល់និងចែករំលែកឲ្យសមត្ថកិច្ច។ ប្រភពនិយាយដោយខ្លីថា បើមិនចំណាយឲ្យសមត្ថកិច្ចទេពិត ជាមិនអាចដំណើរការ ព្រមគ្នាទាំងល្បែងស៊ីសងហ្គេមអនឡាញនិងខារ៉ាអូខេនៅជាមួយគ្នានោះបានឡើយ។
ប្រភពបានឱ្យដឹងថា ក្រៅពីល្បែងអនឡាញច្រើនប្រភេទតែបង្កប់នៅតាមហាងខារ៉ាអូខេ ដែលជាប្រភពសេដ្ឋកិច្ចរបស់លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយ ប៉ែត ក៏មានល្បែងស៊ីសងប្រភេទហ្គេមអនឡាញ តាមផ្ទះល្វែងមួយចំនួនទៀត ដែលកំពុងដំណើរការដោយលួចលាក់។ ប្រភពខ្លះនិយាយថា វាជាប្រភពចំណូលរបស់អាជ្ញាធរមានសមត្ថកិច្ចទាំងក្រុងប៉ោយប៉ែត ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចក្មុងខេត្តបន្ទាយមានជ័យនោះផងដែរ។ វាជាបញ្ហាពិបាកខ្លាំងណាស់ ដែលឲ្យសមត្ថកិច្ច ទៅវាយបំបែកឆ្នាំងបាយខ្លួនឯងនោះ ៕ ទំនាក់ទំនងព័ត៌មាន070926014/0889846555