ឧកញ៉ា ហេង សៀ ដាក់ពាក្យស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ ចំពោះបណ្ដឹងរបស់កញ្ញា មាន ពេជ្ររីតា ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

ក្នុងលិខិតស្នើសុំពន្យារពេលចូលបំភ្លឺដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា ហេង សៀ បានអះអាងថា មូលហេតុដែលខ្លួនសុំពន្យាពេលចូលបំភ្លឺ ដោយសារកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយសន្យាថា នឹងចូលបំភ្លឺនៅពេលស្ថានភាពជំងឺធូរស្រាល។

លិខិតស្នើសុំពន្យារពេលចូលបំភ្លឺនេះ ត្រូវបានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយផងដែរ តាមរយៈត្រារបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមាននៅលើលិខិតនេះ។ យ៉ាងណាមិញ សម្រាប់ការអនុញ្ញាត ឬមិនអនុញ្ញាតតាមការស្នើសុំនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ។

សូមជម្រាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ ក្រោយឧកញ៉ារូបនេះប្ដឹងពីបទលួចទូរស័ព្ទ រហូតតុលាការសម្រេចឃុំខ្លួនរូបនាង ជាបណ្ដោះអាសន្ន។ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែងនាង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ត្រូវបានកញ្ញា មាន ពេជ្ររីតា រៀបរាប់ថា បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។

ជុំវិញការដាក់ពាក្យបណ្តឹងទៅកាន់ឧកញ៉ាវិញនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖

១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ
៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង