រដ្ឋបាល​ខណ្ឌ​ជាប់​ទន្លេ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ បែ​ចិញ្ចឹម​ត្រី​ សំណង់​មិន​រៀបរយ​ចេញ​ពីលើ​ផ្ទៃ​ទឹក​

​ភ្នំពេញ​៖​ អាជ្ញាធរ​សមត្ថកិច្ច​បណ្តា​រដ្ឋបាល​ខណ្ឌ​ដែល​ជាប់​នឹង​ផ្ទៃ​ទឹកទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ចំពោះ​អ្នក​រស់នៅ​និង​ប្រកប​ប្រ​របរ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​ ឱ្យ​ពួក​គាត់​ប្រ​ញ៉ាប់​រុះរើ​ទីឋាន​ស្នាក់​នៅ​ ដូច​ជា​ផ្ទះ​បណ្តែត​ទឹកតូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយ​ ជាដើម​ ដោយ​តម្រូវ​ឱ្យ​ពួក​គាត់​ត្រូវ​រុះរើ​ស្ម័គ្រចិត្ត​ មុន​ថ្ងៃ​កំណត់​នៃ​ឱសានវាទ​ដាក់​ចេញ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចុះ​អនុវត្ត​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​មក​រុះរើ​ និង​បាន​ព្រមាន​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ ក្នុង​ករណី​អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​ទាំងនោះ​មិន​គោរព​អនុវត្ត​វិធានការ​នេះ​ ។​

​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ចំពោះ​អ្នក​រស់នៅ​ និង​ប្រកប​របរ​លើ​ផ្ទៃ​ទឹកទន្លេ​ ដែល​គេ​ចាត់​ទុក​ថា​ ការ​រស់នៅ​របស់​ពួក​គាត់​គឺ​រស់នៅ​បែប​អនាធិបតេយ្យ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ សណ្តាប់ធ្នាប់​លើ​ផ្ទៃ​ទឹក​ និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ផង​ដែ​ នៅ​គ្រា​ដែល​អាជ្ញាធរ​សមត្ថកិច្ច​រាយការណ៍​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ​ អាជ្ញាធរ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ នឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ​ ផ្ទះ​បណ្តែត​ទឹក​ តូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយ​ទាំងនោះ​ហើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ ខណ្ឌ​ចំនួន​០៧​ ក្នុង​រាជធានី​ភ្នំពេញ​មាន​ភូមិសាស្ត្រ​ជាប់​ទន្លេ​រួម​មាន ៖ ខណ្ឌ​ច្បារ​អំពៅ​,​ ខណ្ឌមានជ័យ​,​ ខណ្ឌចំការមន​ ,​ខណ្ឌដូនពេញ​,​ ខណ្ឌ​ជ្រោយចង្វារ​,​ ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​ខណ្ឌ​ព្រែក​ព្នៅ​។​ ប៉ុន្តែ​ខណ្ឌ​ដែល​មាន​សំណង់​មិន​រៀបរយ​ និង​ការ​ប្រកប​មុខរបរ​ រស់នៅ​លើ​ផ្ទៃ​ទឹក​ មាន​ភាព​ស្មុគស្មាញ​ខ្លាំង​គឺ​ខណ្ឌ​ចំនួន​០៤​រួម​មាន ៖ ខណ្ឌ​ច្បារ​អំពៅ​,​ ខណ្ឌ​ជ្រោយចង្វារ​,​ ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​ខណ្ឌ​ព្រែក​ព្នៅ។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​ ក្នុងអំឡុងពេល​អាជ្ញាធរ​សមត្ថកិច្ច​រដ្ឋបាល​ខណ្ឌ​ជាប់​ទន្លេ​ ចុះ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​ គឺ​រហូត​ដល់​ពេល​នេះ​ មាន​អ្នក​ភ្ញាក់រលឹក​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​រុះរើ​ និង​ចល័ត​ទៅ​តំបន់​ផ្សេង​ ។​ ទន្ទឹម​នោះ​ក៏​មានការ​តវ៉ា​ និង​សំណូមពរ​ឲ្យ​មានការ​ពន្យារពេល​ការ​រុះរើ​ ដោយ​លើក​ឡើង​ពី​ហេតុផល​ផ្សេងៗ​ដែល​ជា​ភាព​លំបាក​ និង​បញ្ហា​ប្រឈម​ការ​ខាតបង់​ប៉ះពាល់​ជីវភាព​នៅ​ពេល​ដែល​ការ​អនុវត្ត​តម្រូវ​ឱ្យ​រុះរើ​រយៈពេល​០៧​ថ្ងៃ​ មាន​ភាព​បន្ទាន់​ពេក​ ។​

​ទោះបី​យ៉ាងណា​ការ​ដាក់​ចេញ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បែប​នោះ​ក៏​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន​ផង​ដែរ​ ពីព្រោះ​បើ​ការ​បណ្តែតបណ្តោយ​ឱ្យ​មានការ​រស់នៅ​ ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​ និង​បាន​បង្ក​ប៉ះពាល់​កត្តា​ជា​ច្រើន​។​
​សូម​បញ្ជាក់​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដោយ​ប្រកាស​ចំពោះ​អ្នក​រស់នៅ​និង​ប្រកប​បរប​រលើ​ផ្ទៃ​ទឹកទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​រុះរើ​រឺ​ចល័ត​ផ្ទះ​បណ្តែត​ទឹក​ បែ​ចិញ្ចឹម​ត្រី​និង​សំណង់​មិន​រៀបរយ​ឱ្យ​អស់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ដោយ​ទុក​រយៈពេល​០៧​ថ្ងៃ​ ។​
រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​ ការ​រស់នៅ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​បែប​អាណា​ធិ​ប​តេ​យ្យ​នេះ​បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ មាន​ចរន្តទឹក​ហូរ​ គោក​រាក់​ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ និង​ការ​បញ្ចេញ​កាក​សំណល់​ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ។

ក្នុងអំឡុងពេល​នៃ​ការ​ចុះ​អនុវត្ត​ឱ្យ​រុះរើ​នោះ​ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ ឬ​បាត់បង់​ណាមួយ​នោះ​ឡើយ​ ហើយ​ក្នុង​ករណី​រឹងរូស​ អាជ្ញាធរ​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង