កណ្តាលះ ដោយ សុឹម សាន់ តំណាងប្រជាពលរដ្ឋរស់នៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រមាណជាង100គ្រួសារ បានអះអាងប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី27 ខែកក្កដា ឆ្នាំ2021នេះថា ផ្លូវលំសាធារណៈដែលមានទទឹង7ម៉ែត្រកើតមានឡើងតាំងពីដូនតាមកម្លេះ។ដោយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋចាស់ព្រឹទ្ធាចារ្យធ្វើដំណើរទៅធ្វើបុណ្យទាននៅលើទួលបារមីបុរាណ និងទៅបឹងដកព្រលិត ដកក្រអៅឈូក នេសាទត្រី ពិសេសដឹកជញ្ជូនកសិផលគ្រប់រដូវកាលដើម្បីចិញ្ចឹមជីវិត។ស្រាប់តែឥឡូវមានបុគ្គលមានឥទ្ធិពលម្នាក់ឈ្មោះ ចាន់ វិទូ មកទិញដីក្បែរនេះបានរំលោភយកធ្វើជាកម្មសិទ្ធ និងដាក់គ្រឿងចក្រទៅជីកកាយផ្តាច់ផ្លូវអស់ប្រហែលប្រវែងជា200ម៉ែត្រធ្វើអោយប្រជាពលរដ្ឋជួបការលំបាក។ពលរដ្ឋបន្តទៀតថា ករណីបុគ្គលមានឥទ្ធិពលជីកកាយផ្តាច់ផ្លូវសាធារណៈមិនអោយពួកគាត់ដើរឆ្លងកាត់ទៅអាស្រ័យផលនេះ ពួកគាត់ស្នើសុំអោយអាជ្ញាធរស្រុក ខេត្តមេត្តាជួយរកដំណោះស្រាយបើកផ្លូវនេះឡើងវិញ ដើម្បីអោយប្រជាពលរដ្ធបានដើរឆ្លងកាត់ដូចដើម ព្រោះពួកគាត់មិនចង់បានអ្វីក្រៅពីផ្លូវនោះទេ។និងបាននាំគ្នាផ្តិតមេដៃចំនួន143គ្រួសារដាក់ចូលអោយអាជ្ញាធរឃុំឈើទាលកាលពីព្រឹកថ្ងៃទី27 ខែកក្កដា ឆ្នាំ2021រួចរាល់ហើយ។ពាក់ព័ន្ធបញ្ហានេះ ក្រោយពីទទួលបានព៌តមានភ្លាម លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ក៍បានបញ្ជាអោយលោក កៅ សេង ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូនស្រុកកៀនស្វាយ ដឹកនាំកម្លាំងចុះទៅពិនិត្យសិក្សានិងហៅម្ចាស់អ្នកកាយផ្តាច់ផ្លូវមកពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋ ដើម្បីអោយកាយលុបបើកផ្លូវជូនពលរដ្ឋដូចដើមវិញ ព្រោះលោកស្រី អ៊ុក សឿន មេឃុំឈើទាល និងលោកមេភូមិ ក៍បានចេញមកបញ្ជាក់ថា ដីនេះពិតជាផ្លូវសាធារណៈមានទទឹង7ម៉ែត្រកើតមានតាំងពីដូនតាប្រាកដមែន តែបុគ្គលឈ្មោះ ចាន់ វិទូ នេះរំលោភយក៕
ការិយាល័យផ្សព្វផ្សាយ 012926014