វាយខ្នោះ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដែលប្រើហិង្សាលើកូនឈ្នួល បង្ខំសុីអាចម៌ឆ្កែ និងឲ្យដេកអោបផ្នូរសត្វឆ្កែ ចំនួន ១យប់ទៀត
ក្រចេះ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចឃាត់ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ករណីអំពើហិង្សានេះបានកើតឡើងទៅលើក្មេងស្រីកូនឈ្នួល ចំនួន ២នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ ដោយក្មេងស្រីទី១. មានឈ្មោះ ត្រែក ធារ៉ា អាយុ ១២ឆ្នាំ និងក្មេងស្រីទី២. ឈ្មោះ រ៉ន ពិសី អាយុ ១២ឆ្នាំដូចគ្នា ជាអ្នកបម្រើនៅផ្ទះលោកវរសេនីយ៍ត្រី ទេព ហ៊ុយ ។ មូលហេតុដែលឈានទៅដល់មានករណីអំពើនេះ បើតាមម្តាយក្មេងស្រីរងគ្រោះថា ដោយសារក្មេងស្រីទាំងពីរ បានធ្វើឲ្យកូនឆ្កែចិញ្ចឹមរបស់ជនបង្កងាប់ ។
ក្រោយពីសត្វឆ្កែនោះងាប់ លោក ទេព ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាជ័រ វាយលើក្បាល ចំនួន ២ជើងម៉ា ហើយកូនចៅលោក ទេព ហ៊ុយ បានវាយទៅលើក្មេងស្រីរងគ្រោះ ចំនួន ៣កំផ្លៀង ។
បើតាមម្តាយស្ត្រីរងគ្រោះដដែល បញ្ជាក់ទៀតថា កូនស្រីរបស់គាត់ បានប្រាប់គាត់ថា គេទះកំផ្លៀង និងយកជើងម៉ាវាយក្បាលកូនគាត់ ថែមទាំងឲ្យស៊ីអាចម៍ឆ្កែ និងឲ្យដេកអោបផ្នូរសត្វឆ្កែ ចំនួន ១យប់ទៀតផង ៕