កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបន្តស្រាវជ្រាវចាប់ខ្លួនអ្នកទោស៣នាក់ក្នុងចំណោមអ្នកទោស៧នាក់ដែលលួចហែកគុករត់គេចខ្លួន

ស្ទឹងត្រែង៖ អ្នកទោសចំនួន ២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ការតាមចាប់ខ្លួនបានអ្នកទោសមកវិញមានចំនួន ៣នាក់ហេីយ ក្នុងចំណោម ៧នាក់ ។ ចំណែកអ្នកទោស៤នាក់ផ្សេងទៀត កំពុងបន្ដស្រាវជ្រាវតាមចាប់យកមកវិញ។

ប្រត្តិបត្តិការនេះធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ បានដឹកនាំកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ។

អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំពីបទ ជួញដូរគ្រឿងញៀន និងត្រូវបានចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឈ្មោះ កិត ងិន ជាប់ទោស ៤ឆ្នាំពីបទ ជួញដូរគ្រឿងញៀន។ ដោយឡែក អ្នកទោសម្នាក់ដែលចាប់ខ្លួនបាននៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឈ្មោះ ទូច វ៉ាត់ ជាប់ទោសចំនួន ៣០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ចាប់ខ្លួនបាននៅចំណុចភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។សូមបញ្ជាក់ថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន ៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស៣នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈចំនួន ៤នាក់ទៀត សមត្ថកិច្ចបន្ដចាប់ខ្លួនមកវិញ៕

អត្ថបទដែលជាប់ទាក់ទង