សមត្ថកិច្ចចាប់ខ្លួន អតីតសង្ឃ ពឿយ មេត្តា តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង នៅភ្នំពេញ..!!
ភ្ភ្នំពេញះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ចាប់ខ្លួន តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង និង យោងតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
ការចាប់ខ្លួនអតីតសង្ឃ ពឿយ មេត្តា នាពេលនេះ ធ្វើឡើងក្រោយពីមានការបាតុកម្មទ្រង់ទ្រាយធំមួយមុខភូមិគ្រឹះលោកស្រីឧកញ៉ា សៀង ចាន់ហេង ពាក់ព័ន្ធដីវត្តនៅប្រទេសជប៉ុន។
ប្រភពព័ត៌មានដែល ទើបទទួលបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ បានអោយដឹងថា អតីតសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើស បរិហារកេរ្តិ៍ជាសាធារណៈ , ប្រើប្រាស់ត្រាក្លែងក្លាយ , ក្លែងបន្លំឯកសារសាធារណៈ , ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ , ញុះញង់អោយមានការរើសអើង និង បាតុកម្ម តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង ។
យោងតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បង្ហាញថា អតីតសង្ឃ ពឿយ មេត្តា ត្រូវចូលបង្ហាញខ្លួននៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ អោយបានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា សង្ឃដីកាសម្រេចមួយ ស្ដីពី ដំណោះស្រាយករណីអធិករណ៍នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅ វត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន បានចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ មានរហូតដល់ចំនួនប្រាំបួនប្រការ ។
ក្នុងសង្ឃដីកាសម្រេចនេះ គឺ បានថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជាតទៅ ។
ជាមួយគ្នានោះ សង្ឃដីកាសម្រេច ក៏បានឲ្យព្រះទេវសត្ថា ពឿយ មេត្តា និង ក្រុមការងារត្រូវបញ្ចប់អធិករណ៍ ការតវ៉ា និងការទាមទារដីវត្តលោកយាយជំទាវហេង ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ក្នុងអធិករណ៍នេះ ពេលនេះតទៅ ។
សង្ឃដីកាសម្រេចនេះ ក៏បានព្រមានដែរថា «ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេច នេះ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខវិន័យនិងច្បាប់ជាធរមាន ៕